1. ចូរទទួលបងប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។
2. បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ
3. មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើលងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះជាម្ចាស់ទទួលអ្នកនោះដែរ។
4. តើអ្នកមានឋានៈអ្វីបានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្តែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះអម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។
5. មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។
6. ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះអង្គដែរ
7. ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ
8. ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច
9. ដ្បិតព្រះគ្រិស្ដបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។
10. រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់
11. ដ្បិតមានចែងទុកមកថា: ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ។