21. ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។
22. ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់មានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។
23. ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។
24. រីឯអ្នកបើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
25. បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ
26. ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថា: «ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ លោកយ៉ាកុប
27. នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង ចងជាមួយពួកគេនៅពេលដែលយើង ដកអំពើបាបចេញពីពួកគេ» ។
28. បើគិតតាមដំណឹងល្អ* សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។
29. កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។
30. រីឯបងប្អូន ពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។