20. មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។
21. ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។
22. ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយទ្រង់មានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។
23. ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។
24. រីឯអ្នកបើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
25. បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ពីគម្រោងការដ៏លាក់កំបាំងនេះ ក្រែងលោបងប្អូនស្មានថាខ្លួនឯងមានប្រាជ្ញា។ គម្រោងការដ៏លាក់កំបាំងនោះ គឺសាសន៍អ៊ីស្រាអែលមួយចំនួនមានចិត្តរឹងរូស រហូតដល់ពេលសាសន៍ដទៃទាំងអស់បានចូលមកទទួលការសង្គ្រោះ
26. ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថា: «ព្រះអង្គដែលរំដោះនឹងយាងចេញពីក្រុងស៊ីយ៉ូន ព្រះអង្គនឹងដកអំពើទមិឡ*ចេញពីកូនចៅ លោកយ៉ាកុប
27. នេះហើយជាសម្ពន្ធមេត្រី*ដែលយើងនឹង ចងជាមួយពួកគេនៅពេលដែលយើង ដកអំពើបាបចេញពីពួកគេ» ។
28. បើគិតតាមដំណឹងល្អ* សាសន៍អ៊ីស្រាអែលជាសត្រូវនឹងព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់បងប្អូន។ បើគិតតាមការជ្រើសរើសវិញ ព្រះជាម្ចាស់ស្រឡាញ់គេ មកពីព្រះអង្គគិតដល់បុព្វបុរសរបស់គេ។
29. កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាលណាព្រះអង្គត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។
30. រីឯបងប្អូន ពីដើមបងប្អូនមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ទេ តែឥឡូវនេះ ដោយសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏មេត្តាករុណាដល់បងប្អូន។
31. រីឯពួកគេវិញ ពួកគេមិនស្ដាប់បង្គាប់នៅពេលនេះ មកពីព្រះជាម្ចាស់មេត្តាករុណាដល់បងប្អូន។ ដូច្នេះ ព្រះអង្គក៏មេត្តាករុណាដល់ពួកគេនៅពេលនេះដែរ
32. ដ្បិតព្រះជាម្ចាស់បានបណ្ដោយឲ្យមនុស្សទាំងអស់មិនស្ដាប់បង្គាប់ព្រះអង្គ ដើម្បីសម្តែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់។
33. ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គបានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ!
34. តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ?
35. តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គតបស្នងសងគុណវិញ?។
36. អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។