1. ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន។
2. ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថា:
3. «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និងរំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។
4. តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថា: «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ»។
5. រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស ដោយសារព្រះគុណរបស់ព្រះអង្គ។
6. ប្រសិនបើព្រះអង្គជ្រើសរើសគេដោយសារព្រះគុណដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្តតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ។
7. ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ
8. ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ»។
9. ព្រះបាទដាវីឌក៏មានរាជឱង្ការថា: «សូមឲ្យតុរបស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ និងឲ្យគេមានទោស!។
10. សូមឲ្យភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើឲ្យគេកោងខ្នង រហូតតទៅ»។
11. ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។
12. ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលប់ ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលប់យ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលប់យ៉ាងណាទៅទៀត?
13. ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យបានល្អប្រសើរ
14. ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។
15. ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន!