2. ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះខ្នែងបម្រើព្រះជាម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។
3. ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
4. ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ដ ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
5. លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យ*ថា: «អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យវិន័យ អ្នកនោះនឹងមានជីវិតដោយសារអំពើទាំងនោះ»។
6. ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា «អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរមសុខ?» គឺថា ដើម្បីនឹងនាំព្រះគ្រិស្ដចុះមក
7. «តើអ្នកណានឹងចុះទៅស្ថានក្រោម?» គឺថា ដើម្បីនាំព្រះគ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក
8. តែក្នុងគម្ពីរមានចែងដូចម្ដេច? គឺមានចែងថា «ព្រះបន្ទូលស្ថិតនៅក្បែរអ្នក នៅក្នុងមាត់អ្នក និងនៅក្នុងចិត្តអ្នកដែរ»។ ព្រះបន្ទូលនេះជាព្រះបន្ទូលស្ដីអំពីជំនឿដែលយើងប្រកាស។
9. ប្រសិនបើមាត់អ្នកប្រកាសថា ព្រះយេស៊ូពិតជាព្រះអម្ចាស់ ហើយបើចិត្តអ្នកជឿថា ព្រះជាម្ចាស់ពិតជាបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញមែន នោះអ្នកនឹងទទួលការសង្គ្រោះជាមិនខាន
10. ដ្បិតបើចិត្តយើងជឿ យើងនឹងបានសុចរិត ហើយបើមាត់យើងប្រកាសជំនឿនោះយើងនឹងទទួលការសង្គ្រោះ
11. ដូចមានថ្លែងទុកក្នុងគម្ពីរថា «អ្នកណាជឿលើព្រះអង្គ អ្នកនោះមុខជាមិនខកចិត្តឡើយ»។
12. ដូច្នេះ សាសន៍យូដា និងសាសន៍ក្រិក មិនប្លែកពីគ្នាត្រង់ណាទេ គេទាំងអស់គ្នាមានព្រះអម្ចាស់តែមួយដែលមានព្រះហឫទ័យទូលាយ ដល់អស់អ្នកអង្វររកព្រះអង្គ
13. ដ្បិត «អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ»។
14. ក៏ប៉ុន្តែ ឲ្យគេអង្វររកព្រះអង្គដូចម្ដេចកើត បើគេមិនជឿ? ឲ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឲ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស?