រ៉ូម 1:20-24 Khmer Standard Version (KHSV)

20. លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះ‌អង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

21. ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។

22. គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។

23. គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។

24. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។

រ៉ូម 1