11. ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង
12. គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។
13. បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។
14. ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និងក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និងក្នុងចំណោមអ្នកល្ងង់។
15. ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អ មកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ
16. ដ្បិតខ្ញុំមិនខ្មាសនឹងប្រកាសដំណឹងល្អទេ ព្រោះដំណឹងល្អនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មក សាសន៍ក្រិក។
17. ដំណឹងល្អនេះសម្តែងឲ្យដឹងថា ព្រះជាម្ចាស់ប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ ដូចមានចែងទុកមកថា: «មនុស្សសុចរិតមានជីវិតរស់ ដោយសារជំនឿ»។
18. ព្រះជាម្ចាស់សម្តែងព្រះពិរោធពីស្ថានបរមសុខ*មក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ព្រះអង្គ ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ត ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក
19. ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់ នោះមានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឲ្យគេឃើញ។
20. លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គ ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្តែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេរិះគិតអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ