1. ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រិស្ដយេស៊ូ ព្រះជាម្ចាស់*បានត្រាស់ហៅខ្ញុំឲ្យធ្វើជាសាវ័ក* និងជ្រើសរើសខ្ញុំឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។
2. ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះអង្គ
3. ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ
4. តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
5. តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។
6. បងប្អូនដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។
7. សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
8. ជាបឋម ខ្ញុំ សូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ដ* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។
9. ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ*អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច
10. គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។