2. យើងនឹងប្រមូលប្រជាជាតិទាំងអស់ឲ្យមកជួបជុំគ្នានៅជ្រលងភ្នំយេហូសាផាត។នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះអ៊ីស្រាអែល ជាប្រជារាស្ត្រនិងជាចំណែកមត៌ករបស់យើងដោយកំចាត់កំចាយឲ្យទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេយកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។
3. ពួកគេយកប្រជារាស្ត្ររបស់យើងទៅចាប់ឆ្នោតចែកគ្នាពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យាពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។
4. រីឯអ្នករាល់គ្នាវិញ អ្នកក្រុងទីរ៉ុសអ្នកក្រុងស៊ីដូន និងអ្នកក្រុងទាំងប៉ុន្មាននៃស្រុកភីលីស្ទីនតើអ្នករាល់គ្នាចង់ធ្វើអ្វីយើង?តើអ្នករាល់គ្នាចង់សងសឹកនឹងយើងឬ?ប្រសិនបើអ្នករាល់គ្នាប្រឆាំងនឹងយើងនោះយើងដាក់ទោសអ្នករាល់គ្នាយ៉ាងងាយហើយយ៉ាងឆាប់រហ័សតាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្តប្រឆាំងនឹងយើង។
5. អ្នករាល់គ្នាបានយកមាស និងប្រាក់របស់យើងគឺអ្វីៗដ៏មានតម្លៃទៅទុកនៅក្នុងវិហាររបស់អ្នករាល់គ្នា។
6. អ្នករាល់គ្នាបានលក់ប្រជាជនស្រុកយូដានិងអ្នកក្រុងយេរូសាឡឹម ទៅឲ្យជនជាតិក្រិកដើម្បីយកពួកគេចេញឆ្ងាយពីទឹកដីរបស់ខ្លួន។
7. ប៉ុន្តែ យើងនាំពួកគេចាកចេញពីស្រុកដែលអ្នករាល់គ្នាលក់គេទៅនោះឲ្យវិលត្រឡប់មកវិញ។យើងនឹងដាក់ទោសអ្នករាល់គ្នាតាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត។
8. យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាទៅឲ្យប្រជាជនស្រុកយូដាហើយប្រជាជនយូដានឹងលក់ពួកគេទៅឲ្យអ្នកស្រុកសេបាជាប្រជាជាតិដែលនៅស្រុកឆ្ងាយ»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ:ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក!ចូរប្រមូលទាហានដ៏ពូកែ!ចូរឲ្យអ្នកចំបាំងចេញទៅសមរភូមិ!
10. ចូរយកផាលនង្គ័លមកដំធ្វើដាវចូរយកកណ្ដៀវមកដំធ្វើផ្លែលំពែង!ចូរឲ្យអ្នកទន់ខ្សោយពោលថា“ខ្ញុំជាមនុស្សខ្លាំងពូកែ!”។
11. ប្រជាជាតិទាំងប៉ុន្មានដែលនៅជុំវិញអើយចូរប្រញាប់ប្រញាល់នាំគ្នាមកចូរប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ! ព្រះអម្ចាស់អើយសូមឲ្យកងពលរបស់ព្រះអង្គចុះមក!។
12. «ចូរឲ្យប្រជាជាតិនានាក្រោកឡើងទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាតដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។
13. ស្រូវទុំហើយ ចូរនាំគ្នាយកកណ្ដៀវមកច្រូត!ធុងសម្រាប់ជាន់ផ្លែទំពាំងបាយជូរពេញហើយចូរនាំគ្នាមកជាន់!ធុងពេញហៀរទៅដោយទឹកទំពាំងបាយជូរ!ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនណាស់!»។
14. មហាជនដ៏ច្រើនឥតគណនានាំគ្នាមកដល់ជ្រលងភ្នំវិនិច្ឆ័យទោសដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជិតមកដល់នៅជ្រលងភ្នំវិនិច្ឆ័យទោសនេះហើយ!
15. ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យរីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
16. ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូនព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹមផ្ទៃមេឃ និងផែនដីក៏កក្រើករំពើកតែព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គជាជម្រករបស់ជនជាតិអ៊ីស្រាអែល។
17. «ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាយើងស្ថិតនៅលើភ្នំស៊ីយ៉ូនជាភ្នំដ៏វិសុទ្ធរបស់យើងក្រុងយេរូសាឡឹមនឹងបានវិសុទ្ធហើយជាតិសាសន៍ដទៃលែងមកឈ្លានពានក្រុងនេះទៀត។