3. នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះនៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែលឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែនលុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជាវាលរហោស្ថានដ៏ហួតហែងគឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
4. ពួកវាប្រៀបបីដូចជាទ័ពសេះពួកវាបោលទៅមុខដូចកងពលសេះ
5. សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំងដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែតំរៀបគ្នាចូលប្រយុទ្ធ។
6. ជាតិសាសន៍នានាញ័ររន្ធត់នៅមុខពួកវាមនុស្សគ្រប់ៗគ្នាមានទឹកមុខស្លេកស្លាំង។
7. ពួកវារត់ទៅមុខដូចទាហានដ៏អង់អាចពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែម្នាក់ៗសម្រុកទៅមុខដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
8. គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេគឺម្នាក់ៗសម្រុកទៅមុខយ៉ាងត្រង់ពួកវាលោតឆ្លងឧបសគ្គទាំងឡាយដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។
9. ពួកវាសម្រុកចូលទៅក្នុងទីក្រុងរត់នៅលើកំពែងក្រុងឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានាដូចចោរចូលលួច។
10. ផែនដីញ័រនៅមុខពួកវាផ្ទៃមេឃក៏កក្រើករំពើកព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មីហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។
11. ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមានិងគួរឲ្យស្ញែងខ្លាចគ្មាននរណាអាចទ្រាំទ្របានឡើយ។
12. «ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយស្មោះអស់ពីចិត្តចូរតមអាហារ យំសោក ហើយកាន់ទុក្ខ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
13. ចូរកែប្រែចិត្តគំនិតកុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ!ចូរវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាវិញដ្បិតព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអាណិតអាសូរព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ពោរពេញដោយព្រះហឫទ័យមេត្តាករុណាព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។
14. ដូច្នេះ ប្រហែលជាព្រះអង្គលែងដាក់ទោសអ្នករាល់គ្នាហើយប្រទានពរដល់អ្នករាល់គ្នាវិញគឺអ្នករាល់គ្នានឹងមានម្សៅស្រាទំពាំងបាយជូរ និងប្រេងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
15. ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន!ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក!