17. ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារនិងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង!សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់នោះឡើយ។សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយពោលថា “តើព្រះរបស់ពួកគេនៅឯណា”?
18. ព្រះអម្ចាស់មានព្រះហឫទ័យស្រឡាញ់ស្រុករបស់ព្រះអង្គខ្លាំងណាស់ព្រះអង្គអាណិតអាសូរប្រជាជនរបស់ព្រះអង្គ។
19. ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ពួកគេព្រះអង្គមានព្រះបន្ទូលមកពួកគេថា:«មើល៍!យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មីនិងប្រេងឲ្យអ្នករាល់គ្នាអ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរយើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
20. យើងបណ្ដេញខ្មាំងសត្រូវដែលមកពីស្រុកខាងជើងឲ្យចេញឆ្ងាយពីអ្នករាល់គ្នាយើងនឹងកំចាត់ពួកគេឲ្យទៅនៅវាលរហោស្ថានដ៏ស្ងួតហួតហែង។យើងនឹងបោះជួរទ័ពរបស់គេដែលនៅខាងមុខទៅក្នុងសមុទ្រខាងកើតហើយជួរទ័ពដែលនៅខាងក្រោយទៅក្នុងសមុទ្រខាងលិច។សាកសពរបស់ពួកគេនឹងចោលក្លិនអសោចក្លិនគំរង់របស់ពួកគេក៏សាយឡើងដែរដ្បិតពួកគេបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃបំផុត»។
21. ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វីចូរត្រេកអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត!
22. សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វីដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញដើមឈើនឹងមានផ្លែហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរក៏បង្កើតភោគផលឡើងវិញដែរ។
23. អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយចូរអរសប្បាយរីករាយឡើងដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ!ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នាតាំងពីដើមរដូវរហូតដល់ចុងរដូវដូចកាលពីមុនដែរ។
24. លានបោកស្រូវនឹងមានពោរពេញដោយស្រូវឡើងវិញហើយពាងក៏មានស្រាទំពាំងបាយជូរថ្មីនិងប្រេង ពេញហូរហៀរឡើងវិញដែរ។
25. រីឯភោគផលរបស់អ្នករាល់គ្នាខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលយើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រាដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិនយើងនឹងសងអ្នករាល់គ្នាវិញ។
26. អ្នករាល់គ្នានឹងមានអាហារបរិភោគយ៉ាងឆ្អែតបរិបូណ៌រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាព្រោះព្រះអង្គបានធ្វើការអស្ចារ្យសម្រាប់អ្នករាល់គ្នា។ពេលនោះ ប្រជារាស្ត្ររបស់យើងនឹងលែងអាម៉ាស់មុខទៀតហើយ។
27. អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេពេលនោះ ប្រជាជនរបស់យើងនឹងលែងអាម៉ាស់ទៀតហើយ។
28. ព្រះអម្ចាស់មានព្រះបន្ទូលថា:ក្រោយមកទៀតយើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើងមកលើមនុស្សលោកទាំងអស់។កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូលពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្តហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
29. ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រីក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើងទៅលើពួកគេដែរ។
30. យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ និងនៅលើផែនដីគឺមានឈាម មានភ្លើង និងកំសួលផ្សែង។
31. ពេលថ្ងៃរបស់ព្រះអម្ចាស់មកដល់គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាចព្រះអាទិត្យនឹងប្រែទៅជាងងឹត បាត់រស្មីព្រះច័ន្ទនឹងប្រែទៅជាឈាម។