13. គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី*។
14. ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះជាថ្ងៃសប្ប័ទ
15. ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។
16. ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។
17. គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។
18. ប៉ុន្តែ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយ ទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។
19. គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។
20. ឪពុកម្ដាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។
21. ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើឲ្យភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។
22. ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ដ* ចេញពីសាលាប្រជុំ*របស់គេ។
23. ហេតុនេះហើយបានជាគាត់ពោលថា “វាធំហើយ សូមសួរវាទៅ!”។
24. ពួកខាងគណៈផារីស៊ី*បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់! យើងដឹងថា អ្នកនោះពិតជាមនុស្សបាបមែន!»។
25. បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។
26. ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើឲ្យភ្នែកអ្នកភ្លឺ ដោយវិធីណា?»។
27. គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជម្រាបអស់លោករួចមកហើយ តែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់ឲ្យខ្ញុំនិយាយម្ដងទៀតដូច្នេះ? អស់លោកប្រហែលចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។
28. ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញ យើងជាសិស្សរបស់លោកម៉ូសេ!។