1. ព្រះយេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។
2. ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។
3. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬបាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។
4. យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។
5. ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។
6. កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ
7. រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ»(ពាក្យ“ស៊ីឡោម”នេះមានន័យថា អ្នកដែលគេចាត់ឲ្យទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។
8. អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។
9. អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖ «គឺខ្ញុំហ្នឹងហើយ!»។
10. គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។
11. គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូ បានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា “សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!” ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។
12. គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។
13. គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី*។
14. ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និងប្រោសអ្នកខ្វាក់ឲ្យបានភ្លឺនោះជាថ្ងៃសប្ប័ទ
15. ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។
16. ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។
17. គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាព្យាការី*មែន!»។