45. រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិត តែអ្នករាល់គ្នាមិនជឿខ្ញុំទេ។
46. ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47. អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
48. ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថា លោកជាសាសន៍សាម៉ារី ហើយថាមានអារក្សចូលលោកនោះត្រូវមែន!»។
49. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្តុះបង្អាប់ខ្ញុំទៅវិញ។
50. ខ្ញុំមិនរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកឲ្យខ្ញុំ ហើយវិនិច្ឆ័យទៀតផង។