2. លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។
3. ពេលនោះ ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*នាំស្ត្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន
4. ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ត្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។
5. ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងយកដុំថ្ម គប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។
6. ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។
7. ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។
8. បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។
9. ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗ ចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។
10. ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ត្រឡើង មានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។