8. ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។
9. ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។
10. កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្តែ ទ្រង់យាងទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។
11. ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូ គេសួរគ្នាថា៖ «តើលោកនៅឯណា?»។
12. បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។
13. ប៉ុន្តែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។
14. លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។
15. ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។
16. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។
17. អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។
18. អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសឡសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិតឥតកុហកឡើយ។