26. ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ? អ្នកដឹកនាំរបស់យើងប្រហែលទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ដ*ទេដឹង
27. ប៉ុន្តែ ពេលព្រះគ្រិស្ដយាងមក គ្មាននរណាដឹងថាទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។
28. ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់សម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។
29. រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយទ្រង់បានចាត់ខ្ញុំឲ្យមក»។
30. ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។
31. ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូ គេពោលថា៖ «ពេលព្រះគ្រិស្ដយាងមក តើព្រះអង្គនឹងសម្តែងទីសម្គាល់ច្រើនជាងលោកនេះឬ?»។
32. ពួកខាងគណៈផារីស៊ី*បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ*ឲ្យមកចាប់ព្រះអង្គ។
33. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។