យ៉ូហាន 7:22-30 Khmer Standard Version (KHSV)

22. លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។

23. បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ តែ​ឥត​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​ទាំង​មូល​ឲ្យ​បាន​ជា នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?

24. កុំ​នាំ​គ្នា​វិនិច្ឆ័យ ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។

25. មាន​អ្នក​ក្រុង​យេរូ‌សាឡឹម​ខ្លះ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​គេ​រក​សម្លាប់

26. ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ? អ្នក​ដឹក​នាំ​របស់​យើង​ប្រហែល​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះ‌គ្រិស្ដ*​ទេ​ដឹង

27. ប៉ុន្តែ ពេល​ព្រះ‌គ្រិស្ដ​យាង​មក គ្មាន​នរណា​ដឹង​ថា​ទ្រង់​យាង​មក​ពី​ណា​ទេ។ រីឯ​លោក​នេះ​វិញ យើង​ដឹង​ហើយ​ថា​គាត់​មក​ពី​ណា»។

28. ពេល​នោះ ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​សម្តែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។

29. រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះ‌អង្គ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។

30. ពេល​នោះ ពួក​គេ​រក​ចាប់​ព្រះ‌យេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។

យ៉ូហាន 7