15. ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។
16. ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក។
17. អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះមកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។
18. អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសឡសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិតឥតកុហកឡើយ។
19. លោកម៉ូសេប្រគល់ក្រឹត្យវិន័យទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
20. បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានអារក្សចូលហើយបានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។
22. លោកម៉ូសេ*បានបង្គាប់អ្នករាល់គ្នាឲ្យធ្វើពិធីកាត់ស្បែក* (តាមពិត គឺបុព្វបុរស*របស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់ឲ្យធ្វើពិធីនេះ មិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ*។
23. បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយទាំងមូលឲ្យបានជា នៅថ្ងៃសប្ប័ទដូច្នេះ?
24. កុំនាំគ្នាវិនិច្ឆ័យ ដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។