58. អាហារដែលបានចុះពីស្ថានបរមសុខមក មានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស*របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច»។
59. ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ* នៅក្រុងកាពើណិម។
60. ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសិស្ស*មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។
61. ព្រះយេស៊ូឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ត បាត់ជំនឿឬ?
62. ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស*ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?
63. មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។
64. ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គរួចស្រេចទៅហើយ។
65. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំបានឡើយ»។
66. ចាប់ពីពេលនោះមក ក្នុងចំណោមសិស្ស មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។
67. ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។
68. លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។
69. យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់ឲ្យមក»។
70. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។