46. សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។
47. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។
48. ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។
49. បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។
50. រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគ អ្នកនោះមិនស្លាប់ឡើយ។
51. ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងឲ្យនោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវបូជាសម្រាប់ឲ្យមនុស្សលោកមានជីវិត»។
52. ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចឲ្យខ្លួនគាត់ផ្ទាល់មកយើងបរិភោគដូចម្ដេចកើត?»។
53. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្ស*ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
54. អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។
55. សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។
56. អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
57. ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។