28. គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្តដូចម្ដេច ដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។
29. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់ឲ្យមក»។
30. គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?
31. បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន*ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា “ព្រះអង្គបានប្រទានឲ្យគេបរិភោគនំប៉័ង ដែលធ្លាក់ពីស្ថានបរមសុខ*មក”»។
32. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ*មកឲ្យអ្នករាល់គ្នា
33. ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។
34. គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះឲ្យយើងខ្ញុំ រហូតតទៅ»។
35. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។
36. ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ”។