25. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ
26. ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឲ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ
27. ហើយព្រះបិតាក៏ប្រទានឲ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស*។
28. សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា
29. ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
30. «ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
31. ប្រសិនបើខ្ញុំធ្វើជាបន្ទាល់ឲ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។
32. ប៉ុន្តែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។
33. អ្នករាល់គ្នាបានចាត់គេឲ្យទៅសួរលោកយ៉ូហាន លោកក៏ផ្ដល់សក្ខីភាពអំពីសេចក្ដីពិត។
34. ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។
35. លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។
36. រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឲ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
37. ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គផង។
38. អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាបានចាត់ឲ្យមក។
39. អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរ ព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ច ដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាបន្ទាល់ឲ្យខ្ញុំ
40. ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំ ដើម្បីឲ្យបានជីវិតឡើយ។
41. ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។