19. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ គឺព្រះបុត្រាធ្វើតែកិច្ចការណា ដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។
20. ព្រះបិតាមានព្រះហឫទ័យស្រឡាញ់ព្រះបុត្រា និងបង្ហាញឲ្យព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឲ្យព្រះបុត្រាឃើញកិច្ចការធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាងឿងឆ្ងល់។
21. ដូចព្រះបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ។
22. ព្រះបិតាមិនដាក់ទោសនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចដាក់ទោសទាំងអស់ឲ្យព្រះបុត្រាវិញ
23. ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតា។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតា ដែលបានចាត់ព្រះបុត្រាឲ្យយាងមកនោះដែរ។
24. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
25. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះនឹងមានជីវិតរស់នៅ
26. ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឲ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ
27. ហើយព្រះបិតាក៏ប្រទានឲ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស*។
28. សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា
29. ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។