1. ក្រោយមកទៀត មានពិធីបុណ្យមួយរបស់ជនជាតិយូដា ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹម។
2. នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានថែវប្រាំ។
3. មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមថែវទាំងនោះ [រង់ចាំទឹកកំរើក
4. ដ្បិតយូរៗម្ដង មានទេវតា*មួយរូបចុះមកធ្វើឲ្យទឹកស្រះកំរើក អ្នកណាចុះទៅក្នុងទឹកកំរើកបានមុនគេ អ្នកនោះនឹងបានជា ទោះបីមានជំងឺអ្វីក៏ដោយ]។
5. នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។
6. ព្រះយេស៊ូទតឃើញគាត់ដេកដូច្នេះ ព្រះអង្គជ្រាបថា គាត់នៅទីនោះជាយូរមកហើយ ទ្រង់មានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ជាឬទេ?»។
7. អ្នកនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ ពេលទឹកកំរើក គ្មាននរណាយកខ្ញុំទៅដាក់ក្នុងស្រះសោះ ហើយពេលណាខ្ញុំទៅដល់ មានម្នាក់ចុះទៅមុនខ្ញុំស្រេចទៅហើយ»។
8. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។
9. ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ រីឯថ្ងៃនោះ ជាថ្ងៃសប្ប័ទ*។