20. បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។
22. អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។
23. ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។
24. ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។
25. ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ដ*នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។
26. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
27. ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។
28. ស្ត្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖
29. «សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រិស្ដហើយមើលទៅ!»។
30. អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។
31. ក្នុងពេលជាមួយគ្នានោះ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូ សូមអញ្ជើញពិសា!»។
32. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។
33. ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។
34. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឲ្យបានសម្រេច។