យ៉ូហាន 4:17-27 Khmer Standard Version (KHSV)

17. ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ ត្រូវ​មែន

18. ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។

19. នាង​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ព្យាការី*​មែន។

20. បុព្វបុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។

22. អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​ទេ រីឯ​យើង​វិញ យើង​ស្គាល់​ព្រះ‌អង្គ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​ការ​សង្គ្រោះ​ចេញ​មក​ពី​ជន‌ជាតិ​យូដា។

23. ប៉ុន្តែ ដល់​ពេល​កំណត់ គឺ​ឥឡូវ​ហ្នឹង​ហើយ អ្នក​ថ្វាយ‌បង្គំ​ដ៏​ពិត​ប្រាកដ នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត ដ្បិត​ព្រះ‌បិតា​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ថ្វាយ‌បង្គំ​បែប​នេះ​ឯង។

24. ព្រះ‌ជាម្ចាស់​ជា​វិញ្ញាណ ហេតុ​នេះ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ត្រូវ​តែ​ថ្វាយ‌បង្គំ​តាម​វិញ្ញាណ និង​តាម​សេចក្ដី​ពិត»។

25. ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រិស្ដ*​នឹង​យាង​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក​ដល់ ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។

27. ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះ‌អង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។

យ៉ូហាន 4