13. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត
14. រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
15. ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំឲ្យនាងខ្ញុំស្រេក និងកុំឲ្យរវល់មកដងទឹកអណ្ដូងនេះទៀត»។
16. ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។
17. ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន
18. ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។
19. នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។
20. បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថា ត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។
21. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ ជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។
22. អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។
23. ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។
24. ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះ អស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។