យ៉ូហាន 3:9-17 Khmer Standard Version (KHSV)

9. លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?

11. ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។

12. ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែន‌ដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។

13. ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។

14. កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ

15. ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

16. ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

17. ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។

យ៉ូហាន 3