យ៉ូហាន 3:15-24 Khmer Standard Version (KHSV)

15. ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

16. ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

17. ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។

18. អ្នក​ជឿ​លើ​ព្រះ‌បុត្រា​មិន​ត្រូវ​ទទួល​ទោស​ទេ រីឯ​អ្នក​មិន​ជឿ​បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជាម្ចាស់។

19. ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។

20. អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

21. ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​តែងតែ​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ​ស្រប​តាម​ព្រះ‌ជាម្ចាស់​មែន»។

22. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស*។ ព្រះ‌អង្គ​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ ព្រម​ទាំង​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​ផង។

23. រីឯ​លោក​យ៉ូហាន​វិញ លោក​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​លោក ហើយ​លោក​ជ្រមុជ​ទឹក​ឲ្យ។

24. កាល​ណោះ​លោក​យ៉ូហាន​មិន​ទាន់​ជាប់​ឃុំ‌ឃាំង​នៅ​ឡើយ​ទេ។

យ៉ូហាន 3