យ៉ូហាន 3:11-19 Khmer Standard Version (KHSV)

11. ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។

12. ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែន‌ដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។

13. ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។

14. កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ

15. ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

16. ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រទាន​ព្រះ‌បុត្រា តែ​មួយ​របស់​ព្រះ‌អង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។

17. ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។

18. អ្នក​ជឿ​លើ​ព្រះ‌បុត្រា​មិន​ត្រូវ​ទទួល​ទោស​ទេ រីឯ​អ្នក​មិន​ជឿ​បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជាម្ចាស់។

19. ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។

យ៉ូហាន 3