1. មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី*។
2. លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។
3. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់បានឡើយ»។
4. លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។
5. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។
6. អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។
7. ពេលខ្ញុំជម្រាបលោកថា “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឲ្យសោះ។
8. ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។
9. លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។
10. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ?
11. ខ្ញុំសូមជម្រាបលោកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។