6. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។
7. ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។
8. សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រាំងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។
9. គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និងនំប៉័ងអាំងពីលើផង។
10. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។
11. លោកស៊ីម៉ូនពេត្រុសចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
12. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា “លោកជានរណា”ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។
13. ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំប៉័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។