យ៉ូហាន 21:18-24 Khmer Standard Version (KHSV)

18. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។

19. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។

20. លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស* ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ព្រះ‌ឱរា​របស់​ព្រះ‌យេស៊ូ​នៅ​ពេល​ជប់‌លៀង ហើយ​ទូល​សួរ​ព្រះ‌អង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ?”។

21. កាល​លោក​ពេត្រុស​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌អម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។

22. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?

23. ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បង‌ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ប្រាប់​លោក​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ ព្រះ‌អង្គ​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។

24. សិស្ស*​នោះ​ហើយ ដែល​បាន​ផ្ដល់​សក្ខីភាព​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់‌ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​សក្ខីភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។

យ៉ូហាន 21