16. ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។
17. ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
18. ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។
19. ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ ដើម្បីសម្តែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
20. លោកពេត្រុសងាកមើលក្រោយឃើញសិស្ស* ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?”។
21. កាលលោកពេត្រុសឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។
22. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?
23. ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា “ប្រសិនបើខ្ញុំចង់ឲ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?”។
24. សិស្ស*នោះហើយ ដែលបានផ្ដល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។
25. ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះឲ្យបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មមសម្រាប់ទុកសៀវភៅ ដែលគេកត់ត្រានោះបានឡើយ។