22. បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។
23. បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប* ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។
24. កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាសហៅឌីឌីម ជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។
25. សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។
26. ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះនៅខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។
27. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
28. លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។
29. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល*ហើយ!»។
30. ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឲ្យពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។