2. នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។
3. លោកពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។
4. សិស្សទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។
5. គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។
6. លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ
7. ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។
8. ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។
9. កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។
10. បន្ទាប់មក សិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
11. នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ
12. ឃើញទេវតា*ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។
13. ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
14. ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។