យ៉ូហាន 20:15-28 Khmer Standard Version (KHSV)

15. ព្រះ‌យេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ‌រក្សា​សួន​ច្បារ នាង​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។

16. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា“ព្រះ‌គ្រូ!”។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង‌ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ ដែល​ជា​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។

18. នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ទៅ ជម្រាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជម្រាប​អំពី​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​នាង។

19. នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស*​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ព្រះ‌ហស្ដ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ដូច​ព្រះ‌បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។

22. បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ហើយ ព្រះ‌អង្គ​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ!។

23. បើ​អ្នក​រាល់​គ្នា​លើក‌លែង​ទោស​អ្នក​ណា​ឲ្យ​រួច​ពី​បាប* ព្រះ‌ជាម្ចាស់​ក៏​នឹង​លើក‌លែង​ទោស​អ្នក​នោះ​ឲ្យ​រួច​ពី​បាប​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​ទោស​មិន​ខាន»។

24. កាល​ព្រះ‌យេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស​ហៅ​ឌីឌីម ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។

25. សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់»។ ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។

26. ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់ ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។

27. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖ «មើល​ដៃ​ខ្ញុំ​នេះ ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។ ចូរ​ជឿ​ទៅ! កុំ​រឹង‌រូស​មិន​ព្រម​ជឿ​ដូច្នេះ!»។

28. លោក​ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ​មែន!»។

យ៉ូហាន 20