យ៉ូហាន 20:1-11 Khmer Standard Version (KHSV)

1. នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។

2. នាង​ក៏​រត់​មក​ជម្រាប​លោក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស*​ម្នាក់​ទៀត ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​ថា៖ «គេ​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​បាត់​ហើយ យើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»។

3. លោក​ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​នោះ ក៏​ចេញ​ទៅ​ផ្នូរ។

4. សិស្ស​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​ម្នាក់​នោះ​រត់​លឿន​ជាង​លោក​ពេត្រុស ទៅ​ដល់​ផ្នូរ​មុន។

5. គាត់​ឈ្ងោក​មើល​ទៅ ឃើញ​សំពត់​ស្នប តែ​គាត់​មិន​ចូល​ទៅ​ក្នុង​ផ្នូរ​ឡើយ។

6. លោក​ស៊ីម៉ូន​ពេត្រុស​រត់​តាម​ក្រោយ​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ហើយ​សម្លឹង​មើល​សំពត់​ស្នប​នៅ​ទី​នោះ

7. ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះ‌សិរសា​ព្រះ‌អង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។

8. ពេល​នោះ សិស្ស​ដែល​ទៅ​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ខាង​ក្នុង​ដែរ គាត់​បាន​ឃើញ​ហើយ​ជឿ។

9. កាល​ណោះ ពួក​សិស្ស​ពុំ​ទាន់​យល់​អត្ថ‌ន័យ​គម្ពីរ ដែល​ចែង​ទុក​មក​ថា ព្រះ‌យេស៊ូ​ត្រូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ។

10. បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ។

11. នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ។ នាង​ឈ្ងោក​មើល​ទៅ​ខាង​ក្នុង​ផ្នូរ ទាំង​យំ

យ៉ូហាន 20