9. លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។
10. ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។
11. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។
12. តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។
13. កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា”
14. ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។
15. ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។
16. ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។
17. ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា”