25. មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។
26. ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ទ្រង់មានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។
27. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។
28. បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។
29. នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។
30. កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
31. ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ*ឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។
32. ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។
33. លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ
34. ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។
35. សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។
36. ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។