យ៉ូហាន 19:15-32 Khmer Standard Version (KHSV)

15. ប៉ុន្តែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​នាយក​បូជា‌ចារ្យ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ព្រះចៅ​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។

16. ពេល​នោះ លោក​ពីឡាត​ប្រគល់​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​ឆ្កាង។ គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ។

17. ព្រះ‌យេស៊ូ​លី​ឈើ​ឆ្កាង​ដោយ​ផ្ទាល់​ព្រះ‌អង្គ ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់‌កូថា”

18. គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ។ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ​ដែរ ព្រះ‌យេស៊ូ​នៅ​កណ្ដាល។

19. លោក​ពី​ឡាត​ឲ្យ​គេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះ​មាន​សរសេរ​ថា «យេស៊ូ​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​ស្ដេច​យូដា»។

20. ជន‌ជាតិ​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ក្បែរ​ទីក្រុង ហើយ​ប្រកាស​នោះ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិក។

21. ពួក​នាយក​បូជា‌ចារ្យ*​របស់​ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា” វិញ»។

22. លោក​ពីឡាត​មាន​ប្រសាសន៍​តប​ថា៖ «ខ្ញុំ​សរសេរ​យ៉ាង​ណា​ហើយ ត្រូវ​ទុក​យ៉ាង​នោះ​ទៅ!»។

23. ក្រោយ​ពី​បាន​ឆ្កាង​ព្រះ‌យេស៊ូ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ធ្វើ​ជា​បួន​ចំណែក ចែក​គ្នា​ម្នាក់​មួយ​ចំណែកៗ។ រីឯ​អាវ​វែង​របស់​ព្រះ‌អង្គ​វិញ ជា​អាវ​ធ្វើ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង គ្មាន​ថ្នេរ​សោះ តាំង​ពី​លើ​ដល់​ក្រោម។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖

24. «កុំ​ហែក​អាវ​នេះ​ធ្វើ​អ្វី យើង​ចាប់​ឆ្នោត​វិញ ដើម្បី​ឲ្យ​ដឹង​ថា​អាវ​នេះ​នឹង​បាន​ទៅ​លើ​អ្នក​ណា»។ ពួក​ទាហាន​ធ្វើ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គេ​បាន​យក​សម្លៀក‌បំពាក់​របស់​ទូលបង្គំ​ចែក​គ្នា ហើយ​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ»។

25. មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។

26. ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សិស្ស​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។

27. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សិស្ស​នោះ​យក​គាត់​មក​នៅ​ជា​មួយ។

28. បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌អង្គ​បាន​បង្ហើយ​កិច្ចការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។

29. នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។

30. កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។

31. ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ជន‌ជាតិ​យូដា​មិន​ចង់​ឲ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឲ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។

32. ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។

យ៉ូហាន 19