9. ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា «“អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ”»។
10. លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាលកុស។
11. ព្រះយេស៊ូមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
12. ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។
13. គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ
14. គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។
15. លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។
16. រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។
17. ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។
18. ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។