31. លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។
32. គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។
33. លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។
34. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?»។
35. លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។
36. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។
37. លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
38. លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។
39. តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង*។ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចយូដាឬទេ?»។