13. គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ
14. គឺលោកកៃផាសនេះហើយ ដែលបានឲ្យយោបល់ទៅជនជាតិយូដាថា “គួរឲ្យមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រ”។
15. លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស*ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។
16. រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ត្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។
17. ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។
18. ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។
19. លោកមហាបូជាចារ្យ*សួរព្រះយេស៊ូអំពីពួកសិស្ស*របស់ព្រះអង្គ និងអំពីសេចក្ដីដែលព្រះអង្គបង្រៀន។
20. ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ* និងនៅក្នុងព្រះវិហារ* ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។
21. ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។
22. ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។
23. ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។
24. ពេលនោះ លោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផាស ជាមហាបូជាចារ្យ។
25. លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។
26. មានអ្នកបម្រើរបស់មហាបូជាចារ្យ*ម្នាក់ ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។
27. លោកពេត្រុសប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។
28. បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន។
29. ដូច្នេះ លោកពីឡាតចេញមកជួបពួកគេ សួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។