1. កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ត្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្តែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីឲ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។
2. ព្រះអង្គបានប្រទានឲ្យបុត្រមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។
3. រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រិស្ដ* ដែលព្រះអង្គចាត់ឲ្យមក។
4. ទូលបង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការ ដែលព្រះអង្គបញ្ជាឲ្យទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។
5. ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំឲ្យមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។
6. ទូលបង្គំបានសម្តែងព្រះនាមរបស់ព្រះអង្គ ឲ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឲ្យទូលបង្គំ ហើយគេបានប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
7. ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់
8. ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឲ្យគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកទៀតផង។
9. ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។