3. គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។
4. ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
5. «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើលោកអញ្ជើញទៅណា”ឡើយ។
6. ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។
7. ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។
8. កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។
9. គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ
10. អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ
11. អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។
12. ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។
13. កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។
14. ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។