21. ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។
22. អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។
23. នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។
24. មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
25. «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។
26. នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ
27. ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។
28. ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។
29. ពួកសិស្ស*ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំហើយ ព្រះអង្គមិនប្រើប្រស្នាទៀតទេ។
30. ឥឡូវនេះ យើងខ្ញុំដឹងថាព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។
31. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ!