17. សិស្ស*ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។
18. គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត”នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី យើងមិនយល់សោះ!»។
19. ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថា បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ។
20. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។
21. ពេលស្ត្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្តណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សម្រាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។
22. អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។
23. នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានឲ្យអ្នករាល់គ្នាមិនខាន។
24. មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
25. «ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្តិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។
26. នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គឲ្យអ្នករាល់គ្នាឡើយ