9. ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
10. បើអ្នករាល់គ្នាប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។
11. ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
12. នេះជាបទបញ្ជារបស់ខ្ញុំ ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
13. គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។
14. បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
15. ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។
16. មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
17. រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
18. «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។
19. ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។
20. ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
21. ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកទេ។
22. ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។